តាមការប្រកាសរសៀលនេះ "បារមី" បានចាប់ដៃគូផ្លូវការជាមួួក្រុមហ៊ុន Warner Music Group’s ADA Asia ដោយផ្ដោតទៅលើតន្រ្ដី Original Music ដែលតែងតែគាំទ្រ លើកស្ទួយ សិល្បករខ្មែរ ដែលមានទេពកោសល្យខ្ពស់។
នេះគឺជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត ដែលមានក្រុមហ៊ុនតន្ដ្រីនៅប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀង ជាដៃគូសហការជាមួយនឹងក្រុមហ៊ុនអន្តរជាតិ លំដាប់ថ្នាក់ខ្ពស់ (Major Labels) ដែលមានតែ 3 ក្រុមហ៊ុនប៉ុណ្ណោះលើពិភពលោក។
Warner Music Group’s ADA Asia នឹងរួមគ្នាជាមួយ "បារមី" ដើម្បីលើកកម្ពស់តន្ដ្រី និងសិល្បៈវប្បធម៏ខ្មែរលើឆាកអន្តរជាតិ ដែលនឹងនាំយកឱកាសល្អៗ មកផ្តល់អោយសិល្បករខ្មែរ តាមរយៈការចែកចាយតន្ដ្រី និងសិល្បៈខ្មែរ ទៅទីផ្សាអន្ដរជាតិ តាមប្រព័ន្ធឌីជីថល និងផ្ដល់អាជ្ញាប័ណ្ឌ (sync licensing) ហើយនាំត្រឡប់មកវិញនូវថវិកាជូនសិល្បករ នៅពេលបទចម្រៀងពួកគេ ត្រូវបានជ្រើសរើសយកទៅប្រើក្នុងភាពយន្ត ឬMedia នៅលើពិភពលោក។ នេះបើតាមតំណាងក្រុមហ៊ុន "បារមី"។លោក ភីតធ័រ មន្ត្រីទំនាក់ទំនងសាធារណៈក្រុមហ៊ុនផលិតកម្មបារមី បានលើកឡើងថា "បារមី" បានបោះជំហានមុនគេ ក្នុងកាខិតខំលើកកម្ពស់ទេពកោសល្យសិល្បករ ជួយជំរុញអោយមាន ការរស់ឡើងវិញនៃសិល្បៈតន្រ្ដី ក្រោយពីរបបព្រល័យពូជសាសន៍ នៅកម្ពុជា ដែលបានបំផ្លាញវិស័យសិល្បៈទាំងមូល ដែលធ្វើឲ្យសិល្បៈតន្រ្ដីខ្មែរ ស្ទើរតែបាត់បង់។ សព្វថ្ងៃនេះ ក្រុមហ៊ុនផលិតកម្មបារមី មានសិល្បករ សិល្បការិនី ដែលមានប្រជាប្រិយភាពខ្លាំងដូចជាក្រុម ក្មេងខ្មែរ (Kmeng Khmer) ជាអ្នកចម្រៀង Hip-Hop, សិល្បការិនី ក៏ជាស្ថាបនិក និងជាអ្នកស្វែករកជំហានថ្មីនៃតន្ត្រី Original Music នៅកម្ពុជា កញ្ញា ម៉ម ឡរ៉ា (Laura Mam), សិល្បការិនី R&B ដែលកំពុងពេញនិយម កញ្ញា កៅ សុហ្វៀរ (Sophia Kao) និងកំពូលតារា Hip-Hop Star ប្រចាំប្រទេស វណ្ណដា (VannDa)។
កញ្ញាបន្តថា នៅមុនការបង្កើតឲ្យមានក្រុមហ៊ុន "បារមី" ការចែក ចាយតន្រ្តីខ្មែរទៅបរទេសមិនដែលមាននោះទេ។ ដូច្នេះហើយ នាងពិតជាមានមោទកភាពណាស់ដែល "បារមី" បានក្លាយជាផលិតកម្មដំបូងក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ចាប់ដៃគូជាមួយក្រុមហ៊ុនតន្រ្តីខ្នាតអន្ដរជាតិ ដើម្បីនាំយក តន្រ្ដី និង សិល្បៈវប្បធម៏ ពីកម្ពុជាទៅកាន់ពិភពលោក។ លោក Josh Kahn នាយកប្រតិបត្ដិការផ្នែកអភិវឌ្ឍពាណិជ្ជកម្ម នៃក្រុមហ៊ុនផលិតបារមី បានបន្ថែមថា លោកក៏មានក្ដីរំភើបរីករាយដូចគ្នា ចំពោះផ្លែផ្កានេះ និងរឹតតែរំភើបដែលអាចរកបានដៃគូល្អដែលយល់ពីសារៈសំខាន់ នៃការកសាង ហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងអាស៊ីអាគ្នេយ៍។ "ពួកយើងយល់ ឃើញថា នេះជាឱកាសដ៏ធំសម្រាប់តន្ត្រីរបស់យើង ហើយយើងពិតជារំភើបណាស់ ដោយយើងមានដៃគូដែលមាន គំនិត និងបំណងដូចគ្នា”។
ងាកមកលោក Chee Meng Tan នាយកផ្នែកគ្រប់គ្រងនៃក្រុមហ៊ុន ADA Asia បានបន្ថែមចំពោះកិច្ចសហការនេះថា ការចាប់ដៃគ្នារវាង ADA Asia និង បារមី នឹងអាចបើកទំព័រថ្មីនៅក្នុងប្រវត្តិសាស្ត្រតន្ត្រី របស់ប្រទេសកម្ពុជា។ លោកថា "សិល្បៈតន្រ្ដី គឺគ្មានព្រំដែនកំណត់ ហើយទេពកោសល្យរបស់សិល្បករ សិល្បការិនី ខ្មែរ មានលក្ខណៈល្អពិសេស ដែលសាកសមនឹងទទួលបានការចាប់អារម្មណ៍នៅលើឆាកអន្ដរជាតិ"។ តាមព័ត៌មានចុងក្រោយ ក្រុមហ៊ុន ADA Asia ដែលមានការិយាល័យកណ្តាលនៅប្រទេសសិង្ហបុរី បានចាប់ដៃគូជាមួយ បារមី គឺជាផលិតកម្មទី ៥ បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានមានកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនតន្រ្តីឈានមុខគេនៅតាមប្រទេសដូចជា ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន និងប្រទេសវៀតណាមរួចមក៕
អត្ថបទដើម: Sabay News
រៀបសារឡើងវិញដោយ : Cambodia 5G
0 Comments